logo

ព័ត៌មានថ្មីៗ

កម្ពុជានឹងរៀបចំពិព័រណ៍ «មហាសង្រ្កាន្ត២០២០» នៅរាជធានីភ្នំពេញ ជាមួយការតាំងបង្ហាញ ផលិតផលជាច្រើនមុខ

ថ្ងៃទី09 ខែ01 ឆ្នាំ2020 9:32 AM | ប៊ីលីនែរ៍ | 147
កម្ពុជានឹងរៀបចំពិព័រណ៍ «មហាសង្រ្កាន្ត២០២០» នៅរាជធានីភ្នំពេញ ជាមួយការតាំងបង្ហាញ ផលិតផលជាច្រើនមុខ
​​សេដ្ឋកិច្ច​ជាតិ
0

(ភ្នំពេញ)៖ នៅដើមខែមេសា ឆ្នាំ២០២០ ថ្ងៃមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឈានចូលមកដល់ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ តាំងពិព័រណ៍ដ៏ធំមួយឈ្មោះថា «ពិព័រណ៍មហាសង្រ្កាន្ត២០២០» រៀបចំឡើង០៥ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅសួនច្បារមុខវត្តបទុមវត្តី។

ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ក៏មានការតាំងបង្ហាញ និងលក់បញ្ចុះតម្លៃ លើផលិតផលរាប់ម៉ឺនមុខ។ ពិព័រណ៍នេះរៀបចំឡើង ដើម្បីអបអរសាទរពិធី បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងក្រោមគំនិតផ្តួចផ្តើមពីសំណាក់សាលារាជធានីភ្នំពេញ និងរៀបចំឡើងដោយក្រុមហ៊ុន អេឌី អេកស្ពើត (AD Expert Co., Ltd)។

ពិព័រណ៍មហាសង្រ្កាន្ត២០២០ ជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំ និងរៀបចំឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ក៏ដូចជាចូលរួមចំណែកជំរុញ វិស័យពាណិជ្ជកម្មឲ្យកាន់តែមានកំណើនថែមមួយកំរិតថែមទៀត។ នេះក៏ជាការផ្តល់ឱកាស ដល់ធុរជនក្នុងការតាំងបង្ហាញសេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុន ជូនទៅដល់អ្នកប្រើប្រាស់ ដើម្បីទទួលបាននូវកាដូពិសេស ក្នុងការទស្សនា និងទិញផលិតផលជាមួយការបញ្ចុះតម្លៃ ដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក សំរាប់យកទៅប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំខ្មែរ។

ព្រឹត្តិការណ៍ពិព័រណ៍មហាសង្រ្កាន្ត២០២០នេះនឹងរៀបចំឡើង ផ្អែកលើគោលបំណងសំខាន់ៗរួមមាន៖

១៖ ផ្តល់នូវឱកាសនៃការជួបគ្នារវាងធុរជន និងអ្នកប្រើប្រាស់ ដើម្បីតាំងបង្ហាញ និងទទួលបាននូវទំនិញ រាប់ម៉ឺនមុខជាមួយតំលៃពិសេស។
២៖ ការតាំងបង្ហាញ និងលើកស្ទួយផលិតផលក្នុងស្រុក ដើម្បីឆ្លុះបញ្ចាំងពីភាពរីកចំរើនរបស់ សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។
៣៖ ចែករំលែក និងផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ជូនដល់ភ្ញៀវជាតិ-អន្តរជាតិ និងការតាំងបង្ហាញពី វប្បធម៌របស់ប្រទេសនានា ពីសំណាក់ស្ថានទូតប្រចំាប្រទេសកម្ពុជា។
៤៖ ផ្តល់ជូននូវការកំសាន្តដ៏សម្បូរបែប និងភាពសប្បាយរីករាយជាមួយល្បែងប្រជាប្រិយខ្មែរ ការថតរូប និងការតុបតែងទិដ្ឋភាពទាំងមូល តាមលក្ខណៈប្រពៃណីខ្មែរ ជាមួយការភ្លក្សរសជាតិម្ហូបអាហាររាប់រយមុខ។

សូមជម្រាបថា AD Expert Co., Ltd នឹងរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍មហាសង្ក្រាន្ត» ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសាលារាជធានីភ្នំពេញ និងកិច្ចសហការពី ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនឯកជនជាច្រើន ដើម្បីសម្រេចនូវគោលដៅរួមគ្នា គឺជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម លើកស្ទួយផលិតផលក្នុងស្រុក និងលើកទឹកចិត្តដល់សហគ្រិនកម្ពុជា។

លើសពីនេះដើម្បីចូលរួមប្រកួតប្រជែង ជាមួយផលិតផលរាប់ពាន់មុខមកពី គ្រប់ទិសទីដែលអាចបង្កើត ឱកាសអាជីវកម្មថ្មីៗដល់ពួកគេ ហើយក៏ជាឱកាសផ្សព្វផ្សាយ ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជាឲ្យបានទូលំទូលាយ ដែលរួមចំណែកធ្វើឲ្យកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ប្រទេសជិតខាង និងជុំវិញពិភពលោក។

ទន្ទឹមនេះអ្នកប្រើប្រាស់ អាចទទួលបានទំនិញជាច្រើនប្រភេទ ជាមួយនឹងការបញ្ចុះតម្លៃពិសេស ព្រមទាំងទទួលបានភាពរីករាយ ជាមួយនឹងការកម្សាន្តផ្សេងៗ មុនពេលអបអរសាទរ ទទួលទេវតាឆ្នាំថ្មីជាមួយក្រុមគ្រួសាផងដែរ។

ព្រឹត្តិការណ៍ «ពិព័រណ៍មហាសង្ក្រាន្ត» ដែលគ្រោងនឹងរៀបចំរយៈពេល៥ថ្ងៃក្នុងមេសាខាងមុខនេះ សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រ និងចូលរួមពីសំណាក់ក្រុមហ៊ុន, សហគ្រាស, សិប្បកម្ម, អង្គការ និងស្ថាប័នផ្សេងៗ ព្រមជាមួយប្រជាជនកម្ពុជា ភ្ញៀវអន្តរជាតិ យ៉ាងច្រើនកុះករផងដែរ ដែលជាចំណែកមួយជំរុញ ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។

កុំភ្លេចចាប់ពីថ្ងៃទី០៣-០៧ ខែមេសា ឆ្នាំ២០២០ នៅសួនច្បារមុខវត្តបទុមវតី។ សូមចូលរួមទស្សនាទាំងអស់គ្នា ព្រោះរង្វាន់យ៉ាងច្រើនមហាសាលផងដែរ។

photo_2020-01-10_09-24-29 photo_2020-01-10_09-24-31 photo_2020-01-10_09-24-33 photo_2020-01-10_09-24-36 photo_2020-01-10_09-24-37 photo_2020-01-10_09-24-39 photo_2020-01-10_09-24-41

ចែករំលែក:

អត្ថបទទាក់ទង

Comments are closed.

logo